Header Ads

គន្លឺះជោគជ័យ១០យ៉ាងរបស់ STEVE JOBS!


ទោះបីជាលោក Steve Jobs បានទទួលមរណភាពក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែបន្តសាយភាយដដែល ត្បិតអីកាលនៅមានជីវិត លោកបង្កើតស្នាដៃយ៉ាងច្រើនជួយឲ្យក្រុមហ៊ុនApple ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាលេចធ្លោនៅក្នុងយុគសម័យបច្ចេកវិទ្យាសតវត្សទី២១នេះ។
ក្នុងនាមជាអតីតអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុនខាងលើដែលប្រកបដោយទស្សនវិស័យវែងឆ្ងាយ ខាងក្រោមនេះគឹជាគន្លឺះសំខាន់ៗទាំង ១០ របស់បុគ្គលល្បីល្បាញម្នាក់នេះ៖

១) ភាពច្នៃប្រឌិត
លោក Steve Jobs មានប្រសាសន៍ថា ៖ «ភាពច្នៃប្រឌិតអាចកើតឡើងបានភ្ជាប់ទៅនឹងស្ថានភាពអ្វីមួយ។ មនុស្សមានគំនិតច្នៃប្រឌិតខ្ពស់មិនអាចដឹងចម្លើយនោះឡើយ នៅពេលដែលអ្នកសួរគេថា តើគេបានគំនិតច្នៃប្រឌិតទាំងនោះមកពីណា? ត្បិតអីបុគ្គលប្រភេទនេះ មិនមានចេតនាពិតប្រាកដណាមួយធ្វើវានោះឡើយ”។

២) ធ្វើមនុស្សឲ្យមានគុណភាព
នៅត្រង់ចំណុចនេះលោក Steve Jobs មានប្រសាសន៍ថា ៖ «អ្នកត្រូវធ្វើខ្លួនជាបន្ទាត់មួយដើមដែលមានគុណភាពល្អ។ មានមនុស្សមួយចំនួនមិនធ្លាប់បានធ្វើខ្លួនឲ្យក្លាយជាបុគ្គលដ៏ល្អនោះឡើយក្នុងឆាកជីវិតរបស់ពួកគេ"។

៣) បណ្ដុះគំនិតស្រលាញ់អាជីពការងារ
ក្នុងវិស័យការងារលោក Steve Jobs បានលើកឡើងថា ៖«អ្នកត្រូវមានការងារដ៏ល្អបំផុតមួយដើម្បីចិញ្ចឹមជីវិតរបស់អ្នក ហើយគន្លឹះពិតប្រាកដតែមួយគត់ដើម្បីទទួលបានការងារនេះ គឺភាពជឿជាក់។ ការងារល្អមួយ ត្រូវកើតចេញពីក្តីស្រលាញ់ពេញចិត្តទៅនឹងអ្វីដែលអ្នកបានធ្វើ។ ប្រសិនបើអ្នកមិនទាន់រកឃើញវានោះទេ អ្នកត្រូវព្យាយាមរកវាឲ្យឃើញ។ កុំនៅស្ងៀម! អ្នកនឹងដឹងថា បញ្ហាជាច្រើនបានបង្រៀនអ្នកនៅពេលដែលអ្នករកវាឃើញ។ សម្ពន្ធភាពដ៏ល្អមួយក៏ដូច្នោះដែរ វានឹងលេចរូបរាងឡើងបន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះ អ្នកមិនត្រូវបោះបង់វាដរាបណាអ្នកមិនទាន់រកវាឃើញ"។

៤) ពិនិត្យមើលសកម្មភាពដែលបានធ្វើនៅក្នុងថ្ងៃនេះ
ជាការព្រួយបារម្ភរបស់លោកពីអ្វីដែលលោកបានធ្វើ។ លោក Steve Jobs បានមានប្រសាសន៍ថា៖ «ចង់ធ្វើជាអ្នកមានបំផុតនៅកន្លែងបញ្ចុះសពមិនមែនជារឿងលំបាកនោះឡើយសម្រាប់ខ្ញុំ។ ប៉ុន្តែ ការរំលឹកពីអ្វីដែលយើងបានធ្វើដ៏អស្ចារ្យមុនពេលគេង គឺជាបញ្ហាដែលខ្ញុំត្រូវគិតថាបានធ្វើហើយឬនៅ»។

៥) ត្រូវមានមោទនភាពទាំងពេលបរាជ័យ និងជោគជ័យ
ទោះបីជាលោកជោគជ័យក៏ពិតមែន ប៉ុន្តែលោក Steve Jobs ក៏មិនភ្លេចបង្ហើបគំនិតអប់រំមួយទៅដល់មនុស្សម្នានៅជុំវិញពិភពលោកពីពាក្យមួយឃ្លានេះដែរ ដោយលោកបាននិយាយថា៖ «ចូរមានមោទនភាពពីអ្វីដែលយើងបរាជ័យឲ្យដូច អ្វីដែលជាសមិទ្ធផលរបស់យើងសម្រេចបាន។ ការបង្កើតថ្មី ត្រូវតែធ្វើឲ្យប្លែកពីអ្វីៗគ្រប់យ៉ាងទាំងអស់»។

៦) រកច្រកចេញ ពេលបរាជ័យ
«នៅពេលដែលអ្នកធ្វើអ្វីមួយមិនជោគជ័យតាមបំណងរបស់អ្នក អ្នកគួរតែផ្លាស់ប្ដូរធ្វើអ្វីមួយផ្សេងទៀតក្រៅពីនេះ។ អ្នកមិនត្រូវរស់នៅក្នុងស្ថានភាពដូចនេះជារៀងរហូតនោះបានឡើយ។ អ្នកត្រូវដឹងពីអ្វីដែលខ្លួនអ្នកត្រូវធ្វើនៅក្នុងជំហានបន្ទាប់»។នេះជាទស្សនផ្ទាល់ខ្លួនរបស់លោកSteve Jobs ពីគន្លឹះស្វែងរកច្រកចេញពីភាពបរាជ័យ។

៧) បរាជ័យគឺជាថ្នាំប៉ូវ
កំពូលស្ថាបនិករួមរបស់ក្រុមហ៊ុន Apple រូបនេះបាននិយាយថា ៖ «ការចាកចេញពីក្រុមហ៊ុនApple គឺជារឿងដែលល្អបំផុតធ្លាប់កើតមានចំពោះខ្ញុំ។ ភាពបរាជ័យត្រូវជំនួសមកវិញនូវពន្លឺនៃភាពជោគជ័យ ដោយការក្រោកឈរឡើងម្ដងទៀត។ នេះហើយជាអ្វីដែលធ្វើឲ្យខ្ញុំអាចឈានជើងចូលទៅក្នុងឆាកជីវិតមួយពោរពេញដោយភាពច្នៃប្រឌិតបាន»។

៨) ចេះដប់មិនស្មើប្រសព្វមួយ
លោក Steve Jobs បានផ្ដល់តម្លៃខ្លាំងលើគុណភាពជាជាងបរិមាណដោយលោកលើកឡើងថា៖ “គុណភាពមានលក្ខណៈសំខាន់ជាងបរិមាណ។ ផ្ទះមួយគ្រប់គ្រងដោយម្ចាស់ម្នាក់ ប្រសើរជាងម្ចាស់ពីរនាក់គ្រប់គ្រងផ្ទះមួយ”។

៩) សហគ្រិនជោគជ័យដោយសារការព្យាយាម
មិនខុសពីពាក្យស្លោកទូទៅ អតីត CEO របស់ក្រុមហ៊ុន Apple ខាងលើបានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថា ប្រហែលពាក់កណ្ដាលនូវអ្វីដែលធ្វើឲ្យសហគ្រិនជោគជ័យខុសប្លែកពីសហគ្រិនបរាជ័យនោះគឺការព្យាយាមដ៏សុចរិតមួយ”។

១០) ការរួមចំណែកដល់ពិភពលោក
ពាក្យមួយឃ្លារបស់លោក Steve Jobsដែលធ្វើឲ្យគេនឹកឃើញដល់រូបលោកក្រោយពេលមរណភាពនោះគឺ “I want to put a ding in the universe” នេះជាសម្ដីមួយដ៏មានអត្ថន័យ ដែលលោកចង់ចំណាយពេលក្នុងមួយឆាកជីវិតរបស់លោក ក្នុងការរួមចំណែកអភិវឌ្ឍពិភពលោកទាំងមូល។ ប៉ុន្តែគួរឲ្យស្ដាយបានទទួលមរណភាពកាលពីឆ្នាំ ២០១១ ក្នុងវ័យ៥៦ឆ្នាំ៕

No comments:

Powered by Blogger.