Header Ads

មុនពេលចូលធ្វើការ ត្រូវគិតរឿងទាំងនេះសិន


ការចាប់យកឱកាសការងារ ពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូបក្រោយពីសម្ភាសន៍ជាប់ឬមិនទាន់មានការងារធ្វើ ព្រោះនៅពេលមានការងារ ពួកគេអាចទទួលបានបទពិសោធន៍ថ្មីៗ និង ទទួលបានប្រាក់កម្រៃ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ឬក៏ដូចជាចំណាយផ្ទាល់ខ្លួនផងដែរ។
ក្នុងទីផ្សារបច្ចុប្បន្ននេះ វាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់អ្នកដែលមានសមត្ថភាពល្មមៗ ឬគ្មានសមត្ថភាព ដើម្បីទទួលបានការងារ ព្រោះថា ក្រុមហ៊ុន ឬ ស្ថាប័នទាំងនោះ តែងព្យាយាមរើសយកតែអ្នកមានសមត្ថភាពខ្ពស់ៗដើម្បី បំពេញការងារឲ្យមានប្រសិទ្ធភាព។យ៉ាងណាក៏ដោយ បើទោះបីជា វាពិតជាមានការលំបាកក្នុងការស្វែងរកការងារក្តី តែមិនមែនមានន័យថា យើងត្រូវតែសម្រេចចិត្តធ្វើការងារគ្រប់ប្រភេទនោះទេ ពោលគឺត្រូវគិតឲ្យបានច្បាស់មុន នឹងដាក់ចិត្តក្នុងការទទួលយកការងារណាមួយ។ ការងារពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់មនុស្ស ប៉ុន្តែមិនមែនមានន័យថា ការងារសុទ្ធតែមានផលល្អសម្រាប់មនុស្សគ្រប់គ្នាទេ ពោលគឺវាអាស្រ័យទៅលើភាពជាក់ស្តែងរបស់បុគ្គលម្នាក់ៗ។ ដូច្នេះ ត្រូវតែគិតគូរលើចំណុចជាច្រើន មុនពេលសម្រេចធ្វើការនៅកន្លែងណាមួយ ឬ ក្នុងមុខតំណែងណាមួយ ព្រោះការងារខ្លះមិនបានផ្តល់ភាពរីកចម្រើនអ្វីនោះទេ តែវាធ្វើឲ្យខាតពេលវេលាទៅវិញ ដោយសារធ្វើការខុសកន្លែង តែការងារខ្លះគឺមានប្រយោជន៍សម្រាប់អាជីពនៅពេលអនាគត។

មុននឹងសម្រេចចិត្តទទួលយកការងារ យើងគួរមើលលើចំនុចសំខាន់ៗទាំង៥ ខាងក្រោម៖

១) រើសការងារណាដែលខ្លួនពេញចិត្ត
មនុស្សភាគច្រើនសម្រេចជ្រើសរើសយកការងារធ្វើ ដើម្បីទទួលបានបទពិសោធន៍ ជាពិសេសនិស្សិតកំពុងតែសិក្សា ឬ ទើបបញ្ចប់ការសិក្សាថ្មីៗ។ ប៉ុន្តែពួកគេមិនសូវបានគិតគូរពី ប្រភេទការងារនោះត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួនឬ អត់នោះទេ។ ប្រសិនបើ ការងារនោះ មិនមែនជាប្រភេទការងារដែលពួកគេពេញចិត្តទេ ការអភិវឌ្ឍនខ្លួនពិតជាពិបាកនឹងកើតឡើង ព្រោះវាមិនមែនជារឿងងាយស្រួលទេ នៅពេលធ្វើអ្វីមួយដែលខ្លួនមិនពេញចិត្ត។ ក្នុងស្ថានភាពនេះ មិនយូរមិនឆាប់ពួកគេនឹងសម្រេចចាក់ចេញពីការងារនេះ។ ដូច្នេះ គួរតែរើសយកការងារណាដែលខ្លួនពេញចិត្ត។

២) ប្រាក់ខែ
ប្រាក់ខែពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះគោលដៅសំខាន់ក្នុងការធ្វើការងារនៅតាមបណ្តាក្រុមហ៊ុនផ្សេងៗនោះ គឺដើម្បីទទួលបានប្រាក់ខែសម្រាប់ដោះស្រាយបញ្ហាជីវភាព។ ការងារខ្លះមើលទៅហាក់ដូចជា មានកិត្តិយសសម្បើម ណាស់ ប៉ុន្តែប្រាក់ខែវិញពិតជាពិបាកក្នុងការទទួលយក។ ដោយឡែក ការងារខ្លះមើលទៅដូចជាមិនសូវទំនង ប៉ុន្តែផ្តល់ប្រាក់ខែច្រើនទៅវិញ។ ដូច្នេះមុននឹងសម្រេចរើសយកការងារណាមួយ ត្រូវគិតឲ្យច្បាស់ថា ប្រាក់ខែនោះវាគ្រប់គ្រាន់សម្រាប់ការចំណាយដែរឬទេ ហើយអាចមានឱកាសដំឡើងប្រាក់ខែឬអត់។

បើអ្នកមិនទាន់មានបទពិសោធន៍ អ្នកកុំលោភលន់ចង់បានប្រាក់ខែច្រើន បើទោះបីជាពេលខ្លះអ្នកមានសមត្ថភាពក៏ដោយ។ អ្វីដែលសំខាន់មួយទៀតគឺត្រូវសម្លឹងមើ់លទៅថ្ងៃអនាគត ថាតើ ក្រុមហ៊ុនមានការលើកទឹកចិត្តដល់បុគ្គលិក ដូចជា ដំឡើងប្រាក់ខែ ឬមុខតំណែងដែរឬអត់ក្នុងមួយឆ្នាំៗ? បើគ្មានទេ មិនមែនជាក្រុមហ៊ុនស្ដង់ដារ ដែលអ្នកគួរប្រាថ្នាចង់ធ្វើនោះទេ។

៣) ឱកាសរីកចម្រើន
ការងារមួយចំនួនពិតជា ផ្តល់ឱកាសយ៉ាងធំធេងក្នុងការអភិវឌ្ឍខ្លួន មានន័យថា បុគ្គលដែលចាប់យកការងារប្រភេទនេះ នឹងឆាប់ឡើងឋានៈ និង ប្រាក់ខែ ព្រោះក្រុមហ៊ុនឬ ស្ថាប័នខ្លះ បានផ្តល់វគ្គបណ្តុះបណ្តាលពិសេសៗដល់បុគ្គលិក ក្នុងនោះ អាចនឹងបញ្ជូនទៅក្រៅប្រទេសក៏មាន។ ប៉ុន្តែការងារខ្លះ ហាក់ដូចជា មិនបានផ្តល់ការរីកចម្រើនអ្វីនោះទេ ដូច្នេះ ត្រូវយល់ឲ្យច្បាស់អំពីមុននឹងសម្រេចចិត្តធ្វើការ។

៤) ផលវិបាកក្នុងការបំពេញការងារ
ការងារណាក៏មានការលំបាកដែរ តែអ្វីដែលសំខាន់នោះ ថាតើយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រឈមឬទេ? ម្យ៉ាងវិញទៀត យើអាចដោះស្រាយដោយរបៀបណា? ដូច្នេះហើយ មុននឹងសម្រេចចិត្តចូលធ្វើការងារ យើងគួរតែត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីប្រឈមនឹងការលំបាកទាំងពេលបច្ចុប្បន្ន និង អនាគត ហើយបើអ្នកទៅមិនរួចជាមួយលក្ខខណ្ឌការងារនោះទេ ចូរកុំសម្រេចចិត្តជ្រើសរើសវាឱ្យសោះ។

៥) វប្បធម៌ការងារ (Working Environment and Culture) របស់ក្រុមហ៊ុន
ក្រុមហ៊ុននីមួយៗ មានវប្បធម៌ឬ របៀបក្នុងការធ្វើការងារមិនដូចគ្នាទេ បើទោះបីជាស្ថិតក្នុងមុខតំណែងដូចគ្នាក្តី។ ការស្វែងយល់នេះ ពិតជាមានសារៈសំខាន់ ព្រោះវាអាចធ្វើឲ្យយើងដែលមានបំណងចាប់យកឱកាសការងារនៅទីនោះ អាចឆាប់សម្របខ្លួនជាមួយនឹងបរិស្ថានការងារ ក៏ដូចជាឆាប់យល់ច្បាស់ពីគន្លឹះក្នុងការធ្វើឲ្យខ្លួនឆាប់ទទួលបានការចាប់អារម្មណ៍ពីប្រធាន។

វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការស្វែងយល់ឲ្យច្បាស់ពីវប្បធម៌ការងាររបស់ក្រុមហ៊ុននីមួយៗ ប៉ុន្តែវាក៏មិនមែនជារឿងដែលធ្វើមិនកើតនោះដែរ។ យើងអាចស្វែងយល់តាមរយៈ អានអំពីព័ត៌មានសំខាន់ៗរបស់ក្រុមហ៊ុន នៅតាមប្រព័ន្ធអ៊ីនធឺណិត ឬ ការសាកសួរបុគ្គលិកដែលធ្វើការនៅទីនោះអំពីស្ថានភាពការងារ ឬ ការព្យាយាមសង្កេតមើលសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន៕

No comments:

Powered by Blogger.