សញ្ញា៨យ៉ាងបញ្ជាក់ថារាងកាយអ្នកកំពុងខ្វះប្រូតេអ៊ីនធ្ងន់ធ្ងរ
សុខភាពល្អគឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ការញ៉ាំអាហារមិនត្រឹមត្រូវ ទាំងបរិមាណ ទាំងគុណភាព ពិតជាអាចបំផ្លាញសុខភាពអ្នកបាន។ ខាងក្រោមនេះជាសញ្ញាទាំង៨យ៉ាង ដែលបញ្ជាក់ថាអ្នកកំពុងខ្វះប្រូតេអ៊ីនធ្ងន់ធ្ងរ ហើយត្រូវប្រញាប់រកវិធីសាស្ត្រក្នុងការផ្ដល់ប្រូតេអ៊ីនដល់រាងកាយ អ្នកជាបន្ទាន់៖
១. អ្នកចង់ញ៉ាំអ្វីមួយយ៉ាងខ្លាំង
ទោះបីអ្នកញ៉ាំច្រើនប៉ុណ្ណា ក៏នៅតែមានអារម្មណ៍ថាមិនឆ្អែត ហើយឃ្លានអ្វីម៉្យាង។ រាងកាយរបស់យើងពិតជាឆ្លាតណាស់ ប្រសិនបើវាត្រូវការប្រូតេអ៊ីនអ្វីមួយ វានឹងផ្តល់សញ្ញាដល់ខួក្បាល ដែលធ្វើឲ្យអ្នកមានចំណង់ ចង់ញ៉ាំរបស់នោះជាខ្លាំង។ ដូច្នេះបើអ្នកឃ្លានអ្វីមួយចម្លែក អ្នកគួរញ៉ាំរបស់នោះទៅ។
២. ឧស្សាហ៍ឈឺ
ប្រសិនបើអ្នកឧស្សាហ៍ផ្ដាសាយញឹកញាប់ ឬងាយក្នុងការឆ្លងជំងឺផ្សេងៗ មានន័យថាប្រព័ន្ធការពាររាងកាយអ្នកកំពុងចុះខ្សោយ ដោយសារកង្វះប្រូតេអ៊ីន។ ប្រូតេអ៊ីនគ្រប់គ្រាន់ ជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ និងដំណើរការល្អ។
៣. ស្នាមរបួសមិនងាយជា
រាងកាយយើងត្រូវការប្រូតេអ៊ីន ដើម្បីព្យាបាល ជួសជុលកោសិកាចាស់ៗ ក៏ដូចជាបង្កើតកោសិកាថ្មីៗ។ ដូច្នេះប្រសិនបើអ្នកមុតកាំបិត ហើយរយៈពេលយូរហើយ នៅតែមិនទាន់ជាសះស្បើយទៀត មិនបាច់ឆ្ងល់ទេ វាជាសញ្ញានៃកង្វះប្រូតេអ៊ីនក្នុងរាងកាយហើយ។
៤. ចង់ញ៉ាំរបស់ផ្អែមៗ
ទើបតែម៉ោង៩ព្រឹក ស្រាប់តែចង់ញ៉ាំបង្អែម ឬការ៉េម នេះប្រហែលអ្នកញ៉ាំអាហារពេលព្រឹកដែលមិនសូវសំបូរប្រូតេអ៊ីនហើយ ។ ប្រូតេអ៊ីនគ្រប់គ្រាន់អាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមាន ស្ថិរភាពបាន។
៥. កជើងរបស់អ្នកហើម
ប្រូតេអ៊ីនក៏មានតួនាទីក្នុងការទាញសារធាតុរាវចូលទៅក្នុង សរសៃឈាម ហើយមិនឱ្យវារត់ចូលទៅក្នុងជាលិកាដទៃទៀត។ បើគ្មានវត្តមានប្រូតេអ៊ីនគ្រប់គ្រាន់ទេ សារធាតុរាវទាំងនោះនិងហៀរចូលជាលិកាផ្សេងៗ ដែលអាចបង្កជាបញ្ហារលាកសន្លាក់ និងធ្វើឲ្យកជើងរបស់អ្នកហើមជាមិនខាន។
៦. ខួក្បាលស្ពឹក
ធ្លាប់ទេ ពេលអ្នកមិនបានញ៉ាំអាហារពេលព្រឹក ហើយត្រូវធ្វើការដល់ម៉ោង២រសៀល អ្នកប្រហែលជាមានអារម្មណ៍មិនល្អ មួម៉ៅ ឬញ័រខ្លួន។ កង្វះប្រូតេអ៊ីន ធ្វើឲ្យខួក្បាលអ្នកដើរយឺត មិនសូវចងចាំល្អ ពេលគេនិយាយអ្វី មិនសូវយល់ឬចាប់ន័យបានរហ័សឡើយ។
៧. ជ្រុះសក់
ពេលជ្រុះសក់ ចំណុចដំបូងដែលអ្នកគិតដល់ប្រហែលជាសាប៊ូ ឬផលិតផលថែបំប៉នសក់នានា។ ផ្ទុយទៅវិញសក់ស្អាត ភ្លឺរលោង និងរឹងមាំ ក៏ជាលទ្ធផលនៃដំណើរការល្អនៅក្នុងរាងកាយដែរ។ កង្វះប្រូតេអ៊ីន និងធ្វើឲ្យសក់របស់អ្នកជ្រុះច្រើន ខុសពីធម្មតា ដូច្នេះអ្នកត្រូវចេះសង្កេតមើលបញ្ហានេះ។
៨. សាច់ដុំមិនស្អាតទោះបីអ្នកប្រឹងហាត់ប្រាណ
សាច់ដុំរបស់មនុស្ស ត្រូវបានបង្កើតឡើងពីប្រូតេអ៊ីនដូច្នេះប្រសិនបើអ្នកមិនទទួលបាន ប្រូតេអ៊ីនគ្រប់គ្រាន់នៅក្នុងរបបអាហារទេ វាសមហេតុផលណាស់ដែលអ្នកមិនអាចមានសាច់ដុំស្អាត ទោះបីអ្នកចំណាយកម្លាំងហាត់ប្រាណខ្លាំងប៉ុណ្ណាក៏ដោយ ៕
No comments: